តើហេតុអ្វី សាលាក្រុងផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត?

CitySeal-2_inch-RGB-100_DPI.png
 

ទោះបីសាលាក្រុងសម្រេចកែប្រែប្រព័ន្ធបោះឆ្នោត ដោយសារតែមានបណ្តឹង ដែលពលរដ្ឋដាក់ប្តឹងសាលាក្រុងយ៉ាងណាក្តី ក៏បញ្ហានេះក្រុមប្រឹក្សាសាលាក្រុង និង ប្រជាពលរដ្ឋទីក្រុងឡូវែល បានលើកយកមកពិភាក្សាជាហូរហែមកហើយដែរ។ បណ្តឹងនេះ ត្រូវបានដាក់កាលពីខែ ឧសភា ឆ្នាំ ២០១៧ ដោយប្រជាពលរដ្ឋទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ដែលជាជនជាតិអាមេរិកដើមកំណើតអាស៊ី និង ជនជាតិអាមេរិកដើមកំណើតអាមេរិកឡាទីន/អេស្ប៉ាញ ជាអ្នកប្តឹង។ បណ្តឹងនោះ ធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីសិទ្ធិបោះឆ្នោត ដោយប្តឹងជំទាស់នឹងប្រព័ន្ធបោះឆ្នោតបែបមិនសមាមាត្ររបស់សាលាក្រុងឡូវែលសព្វថ្ងៃ ដែលប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង និង សមាជិកគណៈកម្មាធិការសាលារៀន។ ភាគីដើមបណ្តឹង ដែលជាជនជាតិអាមេរិកដើមកំណើតអាស៊ី និង ជនជាតិអាមេរិកដើមកំណើតអាមេរិកឡាទីន/អេស្ប៉ាញនោះ លើកឡើងថា  ប្រព័ន្ធបោះឆ្នោតបែបមិនសមាមាត្រនេះ នាំឲ្យផាត់ចោលសិទ្ធិ ឬ ធ្វើឲ្យបាត់បង់សិទ្ធិបោះឆ្នោតរបស់ពួកគាត់។ មានន័យថា ពួកគាត់មិនអាចបោះឆ្នោតជ្រើសរើសបេក្ខជន ដែលពួកគាត់ពេញចិត្ត ក្រៅពីជនជាតិស្បែកស ដែលមានចំនួនភាគច្រើន។

 ក្រោយពីមានកិច្ចពិភាក្សាសម្របសម្រួលច្រើនលើករួចមក សាលាក្រុងយល់ព្រមកែប្រែប្រព័ន្ធបោះឆ្នោតបច្ចុប្បន្នរបស់ខ្លួន ដើម្បីជាមធ្យោបាយដោះស្រាយបណ្តឹងនោះ។ នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ចៅក្រម Donald L. Cabell បានចុះហត្ថលេខា និង ឯកភាពលើដីកាស្តីពីការស្រុះស្រួលគ្នា ក្នុងសំណុំរឿង ហួត និង អ្នកឯទៀត ទល់នឹងសាលាក្រុងឡូវែល ឬ ហៅថាសំណុំរឿងសិទ្ធិបោះឆ្នោត។ ឯកសារនៃដីកាស្តីពីការស្រុះស្រួលគ្នានេះ អាចរកបាននៅទីនេះ។ ដីកានេះ ចែងកំណត់អំពីលក្ខខណ្ឌនៃដំណោះស្រាយ។

 ប្រព័ន្ធបោះឆ្នោតសព្វថ្ងៃ របស់សាលាក្រុងឡូវែល ត្រូវបានប្រើប្រាស់តាំងពីឆ្នាំ ១៩៥៧។ សាលាក្រុងទទួលស្គាល់ថា អ្នកបោះឆ្នោតជាច្រើន យល់ថាប្រព័ន្ធនេះ ជួយសាលាក្រុងបានច្រើន។ ជាការពិត ដោយសារតែប្រព័ន្ធបោះឆ្នោតសព្វថ្ងៃនេះឯង ដែលជនជាតិអាមេរិក ដើមកំណើតអាស៊ីអាគ្នេយ៍ អាចបោះឆ្នោតជ្រើសរើសតំណាងរដ្ឋាភិបាលក្នុងតំបន់របស់ខ្លួន ជាលើកដំបូងនៅសហរដ្ឋអាមេរិក។ បេក្ខជនតំណាងសំឡេងភាគច្រើនជាច្រើនទៀត ត្រូវបានជាប់ឆ្នោតជាបន្តបន្ទាប់ សមស្របទៅតាមភាពចម្រុះនៃសហគមន៍ឡូវែល។ ទោះជាយ៉ាងនេះក្តី ដោយសារតែបណ្តឹងនោះ ទើបសាលាក្រុងត្រូវពិនិត្យប្រព័ន្ធបោះឆ្នោតរបស់ខ្លួន ដោយប្រយ័ត្នប្រយែងបំផុត។ សាលាក្រុងទទួលស្គាល់ថា ប្រព័ន្ធសព្វថ្ងៃ អាចមានបញ្ហា ដែលធ្វើឲ្យប៉ះពាល់ដល់កម្លាំងបោះឆ្នោត នៃសហគមន៍ជនជាតិភាគតិច។ សាលាក្រុងក៏ទទួលស្គាល់ថា ប្រព័ន្ធបោះឆ្នោតឯទៀត មានអត្ថប្រយោជន៍ ដែលអាចប្រសើរជាងប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន។ ដូច្នេះ ទើបសាលាក្រុងព្រមកែប្រែប្រព័ន្ធបោះឆ្នោតនេះ និង សង្ឃឹមថានឹងជ្រើសរើសបានប្រព័ន្ធបោះឆ្នោតមួយ ដែលផ្តល់ភាពជាតំណាងឲ្យបានល្អប្រសើរជាងនេះ សម្រាប់ប្រជាពលរដ្ឋទីក្រុងឡូវែលទាំងអស់។